Wednesday, February 21, 2018

សមត្ថកិច្ចអាជ្ញាធរអប្សរាចុះទៅប្រជុំផ្អាកការសាងសង់សាលាបុណ្យភូមិភ្នៀតភូមិតារាម

ដំណើរការកសាងសាលាឆទាន សាលាបុណ្យភូមិភ្នៀត ភូមិតារាម ក្បែរទួលប្រាសាទជ្រុងខាងកើត ស្ថិតនៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានតំណាងមន្ត្រីអាជ្ញាធរអប្សរានិង អាជ្ញាធរបីតិកភ័ណ្ឌ ចុះមកប្រជុំស្នើរសុំឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋផ្អាកការសាងសង់សិន រង់ចាំការសម្រេចអនុញ្ញាតិនិងស្នើរច្បាប់ពីអាជ្ញាធរអប្សរានិងអាជ្ញាធរពាក់ព័ន្ធដោយហេតុផលថា ប៉ះពាល់ចំណីដីទួលប្រាសាទ នាព្រឹកថ្ងៃ ២១កុម្ភៈ២០១៨ ។ ប្រជាពលរដ្ឋទាំងពីរភូមិមានភូមិភ្នៀត ភូមិតារាម តែងតែប្រារព្ធពិធីបុណ្យភូមិទៅតាមប្រពៃណីជាតិក៏ដូចជាសាសនាជា រៀងរាល់ឆ្នាំនៅលើដីទួលប្រាសាទនោះជាយូរឆ្នាំកន្លងមកហើយ ហើយប្រជាពលរដ្ឋបានរៃអង្គាសប្រាក់គ្នាក្នុងភូមិបានបន្តិចបន្តួចក៏ឯកភាពគ្នាកសាងសាលាបុណ្យភូមិ១ខ្នងពីឈើប្រក់ក្បឿងនិងខ្ទមអ្នកតាកសាងពីថ្មចាប់តាំងពីឆ្នាំ២០១០កន្លងមកនៅលើដីទួលប្រាសាទប៉ែកខាងលិចជាប់និងស្នាមរណ្តៅដីជម្រៅប្រហែលជិត១០ម៉ែត្រដែលត្រូវបានជនទុច្ចរិតកាប់គាស់បំផ្លាញយករូបចម្លាក់ក្បាលអ្នកតាទៅលក់ក្រោយឆ្នាំ១៩៨០ធ្វើឲ្យថ្មនិងតួប្រាសាទបាត់បង់ខ្ទេចខ្ទីទាំងស្រុង ហើយព្រះសង្ឃនិងប្រជាពលរដ្ឋក៏ដើររើសថ្មនៅរាត់រាយតាមវាលស្រែមកថែរក្សាទុកនៅលើទួលវិញគឺទុកនៅក្នុងខ្ទមអ្នកតាខ្លះនិងលើសាលាបុណ្យខ្លះនិងក្រោមដើមកកោះខ្លះ ប្រហែលជាជិត២០ដុំសរុបទាំងអស់ ។ ក្នុងឆ្នាំ២០១៨ ចាប់ពីខែមករាមកដល់ខែកុម្ភះនេះ ព្រះតេជគុណ លួន សុវ៉ាត ជាព្រះសង្ឃសកម្មក្នុងការងារសង្គមជាតិ ដែលព្រះអង្គមានកំណើតនៅភូមិភ្នៀតក្បែរទួលប្រាសាទនោះដែរនិងបានបួសរៀននៅវត្តស្លែង ព្រះអង្គបានខ្នះខ្នែងស្វែងរកជំនួយមនុស្សធម៌ និងបច្ច័យបុណ្យខ្មែរជួយខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីមកជួយកសាងអភិវឌ្ឈន៍ភូមិកំណើត ទឹកដីកំណើតដែលជាអ្នកមានគុណបានផ្តល់ទឹកដីព្រៃព្រឹក្សានិងផ្តល់កំណើតឲ្យបានរស់រានមានជីវិតតរៀងមក ដោយការដឹងគុណ តបគុណ ដូច្នេះហើយ ទើបដំណើរការកសាងសមិទ្ធិផលផ្សេងៗក៏ចាប់ផ្តើមកសាងរីកដុះដាលជាបន្តបន្ទាប់ក្នុងភូមិភ្នៀតភូមិតារាមនេះ ដូចជា កសាងផ្លូវថ្នល់ សាលារៀន អណ្តូងស្រះទឹក បន្គន់អនាម័យបន្ទប់ទឹក កសាងផ្ទះជូនគ្រួសារក្រីក្រ និងផ្តល់ជំនួយមនុស្សធម៌ផ្សេងៗជាដើម ដែលទទួលបានការគោរពស្រលាញ់រាប់អានសប្បាយរីករាយពី ប្រជាពលរដ្ឋស្ទើរមួយរយភាគរយ ។ ព្រះតេជគុណ លួន សុវ៉ាត ដោយមើលឃើញពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋក្នុងភូមិភ្នៀត ភូមិតារាម ដែលមិនមានផ្លូវធ្វើដំណើរទៅធ្វើបុណ្យភូមិរួមគ្នានៅលើទួលប្រាសាទនិងដោយការស្នើរសុំពីគណកម្មការបុណ្យភូមិនិងពីប្រជាពលរដ្ឋក្នុងភូមិឲ្យជួយកសាងផ្លូវកាត់ក្បែរទួលប្រាសាទប៉ែកខាងកើតប្រវែងប្រហែលជិត១គីឡូម៉ែត្រ និងកសាងស្រះទឹកក្បែរទួល កសាងបង្គន់អនាម័យនិងបន្ទប់ទឹក២ ព្រះអង្គក៏យល់ព្រមតាមសំណើររបស់គណកម្មការចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋទាំងពីរភូមិ បន្ទាប់ពីកសាងសមិទ្ធិផលថ្នល់ចាក់ដីសនិងដីក្រួសក្រហមរួចហើយ ទឹកដីនៃទួលប្រាសាទបានកែរប្រែពីទួលស្ងាត់ជ្រងំ ទួលជុះអាចម៍ ទួលកប់ខ្មោច មកជាដីទួលគួរជាទីគោរពបូជា សប្បាយរីករាយ ហាក់ដូចជាតំបន់ រមណីយដ្ឋាន ប្រចាំភូមិទាំងពីរ ដែលមានសិស្សសាលាជិះកង់ឆ្លងកាត់ទៅរៀនយ៉ាងច្រើនកុះករ សប្បាយត្រេកអរនិងផ្លូវថ្មី ទួលប្រាសាទកែរប្រែមុខមាត់ថ្មី ។ ទន្ទឹមគ្នានិងសមិទ្ធិផលផ្សេងៗបានកសាងរួចរាល់ដោយធម៌សាមគ្គីខ្មែរជួយខ្មែរគ្រប់ទិសទី សាលាបុណ្យភូមិថ្មីក៏ចាប់ផ្តើមកសាងបន្ត ពីថ្ម ឥដ្ឋ ដែក ស៊ីម៉ង ជាដើម ទទឹង៩ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ដោយគម្រោងសាងសង់គឺ មានបិទការ៉ូ និងមិនមានជញ្ជាំងទេ ដោយកសាងលើដីចំណីទួលប្រាសាទជ្រុងប៉ែកខាងកើត ជាប់និងផ្លូវថ្មី ជាប់និងមាត់ស្រះនិងបង្គន់អនាម័យនិងបន្ទប់ទឹកសាធារណះ ដែលទើបកសាងរួច ដោយត្រូវចាក់ដីបំពេញបន្ថែមអស់រាប់រយឡាន ឲ្យដីស្មើរល្អកំពស់ស្មើរទៅនិងដីចាស់លើទួលប្រាសាទគឺអភិវឌ្ឈន៍ផង អភិរក្សផង ហើយក៏ចាប់ផ្តើមដំណើរការជីកគ្រឹះដាក់ថ្មដាក់ដែករៀបឥដ្ឋចាក់ក្រវាត់ចេញពីក្នុងដីមកទើបនិងបានផុតពីដី រៀបដែកចាក់សសបណ្តុះឡើងលើ មិនទាន់ទាំងបានចាក់ផង ក៏ត្រូវបានខាងប៉ូលីសឃុំជីក្រែងមកប្រាប់នៅព្រឹកថ្ងៃទី២០ខែកុម្ភះ២០១៨ថា ឲ្យជាងផ្អាកការសាងសង់សិន រងចាំថ្នាក់លើគឺអាជ្ញាធរអប្សរាគេនិងមកមើលនៅថ្ងៃ២១ខែឆ្នាំដដែល ជាងក៏ផ្អាកការសាងសង់ ។ ព្រឹកថ្ងៃ២១ខែកុម្ភះឆ្នាំ២០១៨ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីក្នុងភូមិក៏នាំគ្នាទៅជួបជុំគ្នាលើទួលប្រាសាទដើម្បីស្តាប់ការសម្រេចពីអាជ្ញាធរអប្សរា ថាតើប្រជាពលរដ្ឋភូមិភ្នៀត ភូមិតារាម អាចមានសំណាងល្អ ឬ សំណាងអាក្រក់ ដោយភ័យផង អរផង ថានិងបានសាលាបុណ្យថ្មល្អថ្មីឬអត់ ? ។ ជាលទ្ធផល គឺ សប្បាយក្លាយជាទុក្ខ ដោយខាងតំណាងមន្ត្រីអាជ្ញាធរអប្សរានិងមន្ត្រីអាជ្ញាធរបីតិកភ័ណ្ឌបានមកដល់ដូចការសន្យាហើយបានបើកកិច្ចប្រជុំប្រកាសប្រាប់ព្រះសង្ឃនិងប្រជាពលរដ្ឋថា សាងសង់សាលាបុណ្យភូមិខុសបច្ចេកទេសប៉ះពាល់លើដីចំណីទួលប្រាសាទ ដូច្នេះត្រូវផ្អាកសិនហើយឲ្យគណកម្មការបុណ្យនិងប្រជាពលរដ្ឋដាក់ពាក់ស្នើរសុំកសាងសាលាបុណ្យភូមិទៅអាជ្ញាធរអប្សរាក្តី អាជ្ញាធរពាក់ព័ន្ធក្តី តាមរយះភូមិឃុំស្រុកខេត្ត ។ ព្រះសង្ឃនិងប្រជាពលរដ្ឋនៅភូមិភ្នៀត ភូមិតារាម នៅតែមានសេចក្តីសង្ឃឹមញញឹមជឿជាក់ទុកចិត្តថា សាលាបុណ្យភូមិថ្មីនិងអាចកសាងបន្តឲ្យរួចជាស្ថាពរក្នុងពេលខាងមុខ ដើម្បីបានជាផលប្រយោជន៍រួម សម្រាប់ប្រើប្រាស់បុណ្យភូមិផង ជាសាលាឆទាន សាលាសំណាក់សាធារណះផង ដោយព្រះសង្ឃនិងប្រជាពលរដ្ឋសង្ឃឹមថា មន្ត្រីអាជ្ញាធរអប្សរាក្តី មន្ត្រីអាជ្ញាធរពាក់ព័ន្ធក្តី និងមានចិត្តជាបុណ្យ មានសទ្ធាជ្រះថ្លា បើមិនបានចូលរួមជាថវិកា យ៉ាងហោចណាស់ក៏ចូលរួមអនុមោទនាអនុញ្ញាតិច្បាប់ដោយប្រើតែប៊ីចនិងក្រដាសក៏បានបុណ្យដោយការឲ្យទានរក្សាសីលចំរើនមេត្តាភាវនា ហើយអនុញ្ញាតិឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋកសាងបន្តឲ្យចប់ចុងចប់ដើម ជាស្ថាពរ ជាក់ជាមិនខាន ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment