Tuesday, November 14, 2017

ការចោទប្រកាន់និងការចាប់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីគឺជាការគំរាមកំហែង បំភិតបំភ័យ បំបិទសិទ្ធិសេរីភាពអ្នកសារពត៌មានឯករាជ្យ អព្យាក្រិត្យឥតលំអៀង

ការចោទប្រកាន់និងការចាប់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីគឺជាការគំរាមកំហែង បំភិតបំភ័យ បំបិទសិទ្ធិសេរីភាពអ្នកសារពត៌មានឯករាជ្យ អព្យាក្រិត្យឥតលំអៀង ? ។
លោក អ៊ួន ឈិន អ្នកកាសែតដ៏ល្បីម្នាក់ និងធ្លាប់បម្រើការឲ្យវិទ្យុអាស៊ីសេរី ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួននៅយប់ម៉ិញនេះ ថ្ងៃ១៤វិច្ឆិកា២០១៧ នៅក្នុងសណ្ឋាគារនិងផ្ទះសំណាក់មួយនៅជាប់និងគល់ស្ពានអាកាសស្ទឹងមានជ័យក្រុងភ្នំពេញ ។ ប្រភពស្និតនឹងសំនុំរឿង បានអះអាងថា អាជ្ញាធរបានសង្ស័យលោក អ៊ួន ឈិន និងសហការីរបស់លោកម្នាក់ទៀត គឺលោក យាង សុធារិន្ទ ថាបានលួចធ្វើព័ត៌មាន ទៅឲ្យវិទ្យុអាស៊ីសេរី នៅឯរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
បើនិយាយពីជីវិតអ្នកសារពត៌មានឯករាជ្យ អព្យាក្រិត្យនៅក្នុងប្រទេសកម្ពុជា យើងវិញ គឺពួកគាត់ប្រឈមមុខនិងគ្រោះថ្នាក់គ្រប់ជំហាន ដូចជា ការជាប់គុក ការរត់ចោលស្រុក ការចោទប្រកាន់ពីតុលាការ រហូតដល់មានការបាត់បង់អាយុជីវិតផងដែរ បើពួកគាត់ គ្មានការតស៊ូ ព្យាយាមនិងការលះបង់កំលាំងកាយ វាចា ចិត្ត ក្នុងការផលិតពត៌មានពិត ជូនសាធារណៈជន ទេ ក៏យើងទាំងអស់គ្នាជាប្រជាពលរដ្ឋ មិនបានដឹងការពិតអំពីបញ្ហានយោបាយក្តី បញ្ហាអយុត្តិធម៌ក្នុងសង្គមក្តី និងបើប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពទទួលបានពត៌មានពិត ឯករាជ្យ អព្យាក្រិត្យទេ គឺប្រជាពលរដ្ឋហាក់បីដូចជាមនុស្សខ្វាក់ មនុស្សគថ្លង់ដូច្នោះដែរ ។ ប្រទេសកាន់របបប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព វិស័យសារព៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គមដោយមិនអាចខ្វះបាន ហើយការថត ផ្សព្វផ្សាយ ចែកចាយនិងផលិតពត៌មាន គឺជាសិទ្ធិអាទិភាពរបស់ប្រជាពលរដ្ឋ ដែលយើងអាចមានសិទ្ធិសរសេរពត៌មាន រាយការណ៍ពត៌មាន ដោយមិនមិនចាំបាច់ទាល់តែសុំច្បាប់ពីរដ្ឋាភិបាល ពីក្រសួងស្ថាប័នរដ្ឋាភិបាលក៏បានដែរ ។ ឧទាហរណ៍ដូចជា ប្រជាពលរដ្ឋម្នាក់ឃើញហេតុការណ៍អ្វីមួយកើតឡើងក្នុងសង្គម ជាគ្រោះថ្នាក់ចរាចរណ៍ក្តី អំពើចោរកម្មក្តី គឺពួកគាត់អាចសរសេរជាពត៌មានឡើងបានដោយការថតផ្សព្វផ្សាយ ចែកចាយ តាមហ្វេសប៊ុកក្តី ឬតាមទូរស័ព្ទក្តី ឬរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធក្តីបានដោយមិនមានខុសច្បាប់អ្វីឡើយ ។ ការចោទប្រកាន់អតីតអ្នកយកពត៌មានវិទ្យុអាស៊ីសេរីថាលួចផលិតពត៌មានទៅឲ្យទីក្រុងវ៉ាស៊ីងតុន សហរដ្ឋអាមេរីក ក្នុងពេលនេះ គឺធ្វើឡើងទាំងបំពានទៅលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ សេរីភាពសារពត៌មាន រំលោភបំពានទាំងច្បាប់ជាតិ ច្បាប់អន្តរជាតិនិងច្បាប់ព្រះពុទ្ធសាសនាផងដែរ ។ សូម្បីអ្នកកាសែតរបស់រដ្ឋាភិបាល ក៏លួចយកពត៌មានពីអន្តរជាតិមកផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដូចជា រឿងកើតឡើងនៅអាមេរីក ហើយអ្នកកាសែត វិទ្យុ ទូរទស្សន៍ យកមកផ្សាយនៅកម្ពុជា តើពត៌មានទាំងអស់នោះបានមកពីណា តើបានមកពីលួចឬបានមកពីការប្រើសិទ្ធិសេរីភាពទទួលពត៌មាន ចែកចាយនិងផ្សព្វផ្សាយពត៌មាន ????? ។ នៅលើពិភពលោកយើងនេះមានតែប្រទេសកុម្មុយនីស្តផ្តាច់ការប៉ុណ្ណោះ ដែលព្យាយាមបិទបាំង រារាំង ទុបស្កាត់និងបំបិទសិទ្ធិសេរីភាពសារពត៌មាន ។















No comments:

Post a Comment