Saturday, August 12, 2017

ដំណើរទស្សនកិច្ចសិក្សាមើលទឹកដីព្រៃព្រឹក្សារបស់ព្រះភិក្ខុ លួន សុវ៉ាត ទៅកាន់ភ្នំអំពិល

ព្រះតេជគុណ លួន សុវ៉ាត ព្រឹកថ្ងៃទី១០សីហា២០១៧បាននិមន្តទៅទស្សនកិច្ចសិក្សាមើលទឹកដីព្រៃព្រឹក្សានៅភ្នំអំពិលដែលស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប និងទៅសួរសុខទុក្ខក្រុមគ្រួសារអ្នកស្រី កី ផ្លិប ដែលក្រីក្ររងគ្រោះជាប់ពន្ធនាគារជាង២ឆ្នាំរងកម្មដោយអយុត្តិធម៌ព្រោះតែអ្នកស្រីចេញមុខការពារទឹកដីព្រៃឈើនៅទីនោះ ។ អ្នកស្រី កី ផ្លិប អាយុជាង៤០ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៥ ហើយតុលាការសាលាដំបូងខេត្តសៀមរាបបានកាត់ក្តីឲ្យអ្នកស្រីមានទោសជាប់ពន្ធនាគារ២ឆ្នាំដោយចោទប្រកាន់ពីបទកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។ អ្នកស្រី កី ផ្លិប មានភូមិកំណើតនៅភូមិសណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប រូបគាត់មានជីវភាពក្រីក្រ ខ្វះដីធ្វើស្រែចំការ ហើយរូបគាត់ក៏ដូចជាអ្នកភូមិផ្សេងទៀតបានចូលទៅធ្វើផ្ទះខ្ទមរស់នៅក្បែរជើងភ្នំអំពិលដោយសារដីនៅតំបន់នោះជាដីព្រៃរិចរិល ទើបអ្នកស្រីនិងប្តីរបស់គាត់បានត្រួសត្រាយដីនោះដាំដំណាំកសិកម្ម មានពោត សណ្តែក ចេក ល្ហុង ខ្នុរ ជាដើម រស់នៅចិញ្ចឹមជីវិតចាប់តាំងពីឆ្នាំ២០០២រៀងរហូតមកដល់ពេលនេះ ។ មុនពេលចាប់ខ្លួនអ្នកស្រី គឺជាស្ត្រីសកម្មដែលបានចេញមុខតវ៉ាការពារដីធ្លីព្រៃឈើនៅទីនោះ ដោយមិនឲ្យបក្សពួកក្រុមហ៊ុនឈ្មួញនាយទុនដែលមានលុយមានអំណាចទៅរំលោភយកដីធ្លីព្រៃឈើនៅទីនោះបន្តទៀតឡើយ ដោយរូបគាត់រួមនិងប្រជាពលរដ្ឋជាច្រើនទៀត មានបំណងរក្សាការពារព្រៃឈើនិងសម្បត្តិធនធានធម្មជាតិដ៏ល្អត្រកាលនៅទីនោះមាន ផ្កាចាហួយភ្នំ ផ្ទាំងថ្ម ជាដើមទុកជាសម្បត្តិជាតិ សម្បត្តិសាធារណៈ ជាធនធានធម្មជាតិសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅទស្សនាកំសាន្ត ។ អ្នកស្រី កី ផ្លិប រួមនិងប្រជាពលរដ្ឋបានរួមគ្នាជាសហគមន៍ហើយបានកសាងសាលាបុណ្យមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីនៅក្បែរជើងភ្នំអំពិលនោះ ទុកជាកន្លែងជួបជុំធ្វើបុណ្យធ្វើទាននិងសម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិទៅទស្សនានៅទីនោះបានជ្រកកោន ។ ឆ្នាំ២០១៥ខាងមន្ត្រីសមត្ថកិច្ចស្រុកខេត្តនិងអាជ្ញាធរបរិដ្ឋានក្តី ខាងមេព្រៃក្តី បានចុះទៅដេញ ប្រជាពលរដ្ឋឲ្យចាកចេញពីដីធ្លីដែលពួកគាត់រស់នៅអាស្រ័យផលជាង១៣ឆ្នាំនោះឲ្យចេញពីទីនោះដោយចោទប្រកាន់ថា ប្រជាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់ ហើយរដ្ឋត្រូវការដកហូតដីធ្លីទាំងនោះមកវិញ តែប្រជាពលរដ្ឋមិនព្រមចាកចេញមានគ្រួសារអ្នកស្រី កី ផ្លិប ជាដើម ដោយអះអាងថា កាលពីដំបូងហេតុអីគ្មានមន្ត្រីសមត្ថកិច្ចអាជ្ញាធរដែនដីណាមកហាមឃាត់កុំឲ្យប្រជាពលរដ្ឋចូលទៅរស់នៅនិងធ្វើស្រែចំការនៅទីនោះ ដល់ពេលឥឡូវបែជាមកហាមឃាត់និងដេញប្រជាពលរដ្ឋឲ្យចេញដូច្នេះ ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភភ័យខ្លាចនិងសង្ស័យថា ខាងមន្ត្រីអាជ្ញាធរដែនដីឃុំស្រុកខេត្តដេញ ប្រជាពលរដ្ឋឲ្យចេញពីនោះ ហើយយកដីធ្លីទាំងនោះលក់ចែកចាយលុយគ្នានិងប្រគល់ទៅឲ្យក្រុមហ៊ុននាយទុនបរទេសដែលមានលុយមានអំណាច ជាដើម ទើបពួកគាត់តវ៉ាការពារដីធ្លីនិងព្រៃឈើទាំងនោះ ។ ភ្នំអំពិលមានចំងាយពីក្រុងសៀមរាបទៅប្រហែលជាង៥០គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវអង្គរធំ ទៅដល់ផ្សារពាក់ស្នែងបត់ស្តាំតាមផ្លូវលំក្រួសក្រហមរហូតទៅដល់ផ្លូវបត់ចូលទៅភ្នំគឺត្រូវចុះជិះម៉ូតូឬជិះគោយន្តជាង៣០នាទីទៀតទើបដល់ភ្នំអំពិល ព្រោះផ្លូវទៅភ្នំអំពិលគឺមិនទាន់មានផ្លូវលំ មិនទាន់មានការអភិវឌ្ឍន៍នៅឡើយទេ ជាផ្លូវរទេះចាស់ដែលពិបាកក្នុងការធ្វើដំណើរ តែទោះជាលំបាកយ៉ាងណាក៏ដោយ ក៏យើងសង្កេតឃើញ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នាំគ្នាជិះម៉ូតូទៅទស្សនាភ្នំអំពិលនោះជាបន្តបន្ទាប់ផងដែរ ដោយត្រូវខ្ចប់បាយ យកទឹកទៅផង ព្រោះតំបន់នោះគ្មានទឹកនិងគ្មានអ្នកលក់ដូរទេ ។ បញ្ជាក់ ផ្កាចាហួយ និងរីកស្គុះស្គាយព្រោងព្រាតពេញដីព្រៃភ្នំអំពិលនោះគឺកំឡុងពេលថ្ងៃបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា តែឥឡូវផ្កាចាហួយនោះចាប់ផ្តើមផ្កាបណ្តើរៗហើយ តែមិនសូវផ្កាច្រើនទេ ទីនោះ បើយើងបានទៅដល់គឺ មានសម្បត្តិធនធានធម្មជាតិ២ប្រភេទ ដែលយើងមានការចាប់អារម្មណ៍ប្លែក គឺផ្កាចាហួយ និង ផ្ទាំងថ្ម ជាច្រើននៅរដិបរដុប ពាសពេញដី ក្បែរជើងភ្នំ ហើយថ្មទាំងនោះហាក់ដូចជាមានរូបសត្វជាច្រើន ។ អ្នកមានចំណាប់អារម្មណ៍ចង់ទៅទស្សនានៅទីនោះ សូមទំនាក់ទំនង លោក ខ្លុង ខេន ទូរស័ព្ទលេខ 097 840 1769 គាត់ជាតំណាងសហគមន៍ភ្នំអំពិល ។ #ភ្នំអំពិល #ផ្កាចាហួយ #ឃុំពាក់ស្នែង #ស្រុកអង្គរធំ #ខេត្តសៀមរាប #ទេសភាព #ព្រៃឈើ "Non-Violence Overcome All Obstacles"

No comments:

Post a Comment