Tuesday, February 21, 2017

យុវជន គង់ រ៉ៃយ៉ា ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស

ព្រឹកថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ នេះ ​យុវជន​ដែលអំពាវនាវធ្វើបដិវត្តពណ៌ឈ្មោះ គង់​ រ៉ៃយ៉ា​ ហៅ​ Soriya KoKo​ ត្រូវបានដោះលែងចេញពីពន្ធនាគាព្រៃសវិញហើយ បន្ទាប់ពីអនុវត្តទោសរួចរាល់ ចំនួន១៨ខែ ។ យុវជន​ឈ្មោះ​ គង់ រ៉ៃយ៉ា ត្រូវ​បាន​​តុលាការ​​ក្រុងភ្នំពេញសម្រេចឃុំ​ខ្លួន ​ដាក់​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ឆ្នាំ២០១៥​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍។ ​រូបគេត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៨ខែ។ មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួន ហើយឈានទៅដល់ការកាត់ទោសនេះ ដោយសារតែយុវជន គង់ រ៉ៃយ៉ា បានអំពាវនាវលើបណ្តាញសង្គមFacebook កាលពីដើមខែសីហា ឆ្នាំ២០១៥ ឱ្យប្រជាពលរដ្ឋខ្មែរចូលរួមធ្វើបដិវត្តពណ៌ជាមួយខ្លួន ។ យុវជន​​​ គង់​ រ៉ៃយ៉ា​ អាយុ​២៦ឆ្នាំ​ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​facebook យ៉ាងដូច្នេះថា​៖ «​តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌​ដើម្បីផ្លាស់ប្តូររបបមួយ​នេះចេញ​ពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ​»​៕ បន្ទាប់ពីចេញពីពន្ធនាគារ យុវជន គង់ រ៉ៃយ៉ា បានប្តេជ្ញាខិតខំរៀនសូត្របន្តនិងនៅតែចូលរួមតស៊ូធ្វើការងារជួយសង្គមជាតិរឹងរិតតែខ្លាំងជាងមុនទៀត ដើម្បីសង្គមមានយុត្តិធម៌ មានការគោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ។ ទាក់ទិននិងការចោទប្រកាន់ពីតុលាការរឿងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍និងបទចោទប្រកាន់ពីរដ្ឋាភិបាលគណបក្សប្រជាជនថា ចង់ផ្តួលរំលំរដ្ឋាភិបាល ដោយការធ្វើបដិវត្តន៍ពណ៌ យុវជន គង់ រ៉ៃយ៉ា បានលើកឡើងថា នោះគ្រាន់តែជាសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការនិយាយតាមសំដីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាត់និយាយអំពីពាក្យបដិវត្តន៍ពណ៌នេះ ហើយ យុវជន គង់ រ៉ៃយ៉ា ដែលជានិស្សិតឆ្នាំទី១នៅសកលវិទ្យាល័យកំពុងសិក្សានៅក្រុងភ្នំពេញ បានយកពាក្យនេះទៅសួរលោកគ្រូថា តើពាក្យបដិវត្តន៍ពណ៌មានន័យដូចម្តេច ? ហេតុអីរដ្ឋាភិបាលខ្លាចពាក្យបដិវត្តន៍ពណ៌នេះខ្លាំងម៉្លេះ ? លោកគ្រូបានឆ្លើយប្រាប់ថា ពាក្យបដិវត្តន៍គឺជាការផ្លាស់ប្តូរ ពីអាក្រក់ឲ្យទៅល្អ ពីក្រឲ្យទៅមាន ពីនយោបាយដឹកនាំអវិជ្ជមាន ឲ្យទៅនយោបាយវិជ្ជមាន ជាដើម និយាយជារួមពាក្យថា បដិវត្តន៍គឺគ្មានអ្វីជាការខុសច្បាប់ក្នុងសង្គមប្រជាធិបតេយ្យទេ ។ ដោយសារតែយុវជន គង់ រ៉ៃយ៉ា ចង់ចេះចង់ដឹងនិងចង់ផ្លាស់ប្តូរពីអាក្រក់ឲ្យទៅល្អដូច្នេះហើយ ទើបយុវជនរូបនេះយកពាក្យនេះទៅបញ្ចេញមតិក្នុងបណ្តាញសង្គមFacebook ដូច្នោះនោះ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment